សង្ខេបរឿង និងការវិភាគអត្ថបទល្ខោនបាសាក់
«តេជោមាស តេជោយ៉ត»
📌 ព័ត៌មានទូទៅនៃអត្ថបទ
- ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់
- ចលនា៖ ខេមរនិយម
- អ្នកនិពន្ធ៖ លោក ទី ជីហួត
- កាលកំណត់តែង៖ ឆ្នាំ ១៩៨៣
🏛️ សង្គមបរិយាកាស
ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទជ័យចេស្តា (ចន្លោះឆ្នាំ ១៥៧៥ ដល់ ១៥៩៣)។ នេះគឺជាពេលវេលាដែលប្រទេសខ្មែរ កំពុងស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរទេស និងមានបញ្ហាទំនាស់ផ្ទៃក្នុងយ៉ាងស្មុគស្មាញក្នុងព្រះរាជវាំង។
📖 សង្ខេបរឿង
នៅដែនកំពង់ស្វាយមានបុរសម្នាក់ឈ្មោះ មាស មានងារជា ឧកញ៉ាតេជោបរមរាជ ដែលគេហៅថា តេជោមាស។ លោកមានភរិយាឈ្មោះ ស្រែន្យ មានងារជាជំទាវ និងមានសិស្សជំនិតម្នាក់ឈ្មោះ យ៉ត ដែលតែងតែទៅសមរភូមិប្រយុទ្ធជាមួយនឹងលោកគ្រប់ទីកន្លែង។ ស្វាមីភរិយាទាំងពីរនេះ មានទឹកចិត្តស្រឡាញ់រាប់អានយ៉តជាពន់ពេក។
ស្របពេលនោះ ស្តេចសម្រែបានតាំងខ្លួនឯងថា “សេ្តចសម្រែរាជាធិរាជ” និងបានតាំងទីកងទ័ពនៅដែនកំពង់ហៅ (កំពង់ឆ្នាំងបច្ចុប្បន្ន) ដោយបានរៀបចំបន្ទាយមួយឲ្យឈ្មោះថា “បន្ទាយនគរ”។ ស្តេចសម្រែជាមេក្រុមបះបោរ ប្រឆាំងនឹងស្តេចព្រះជ័យចេស្តា ដើម្បីដណ្តើមអំណាចគ្រប់គ្រងផែនដី។ តេជោមាស និងយ៉ត បានព្យាយាមលើកទ័ពទៅបង្ក្រាបក្រុមបះបោរនេះខ្លាំងណាស់ដែរ តែត្រូវទទួលបរាជ័យ។ ដោយឃើញស្ថានភាពបែបនេះ ជំទាវស្រែន្យបានរៀបចំល្បិចបញ្ឆោត ឲ្យស្តេចសម្រែធ្លាក់ក្នុងអន្លង់ស្នេហាចំពោះរូបនាង ហើយបង្អកស្រារហូតដល់ស្រវឹងទន់ខ្លួន។ ឱកាសល្អមកដល់ ស្តេចសម្រែ និងបក្សពួក ត្រូវបានតេជោមាស យ៉ត និងកងទ័ព ចាប់យកទៅថ្វាយព្រះចៅជ័យចេស្តា ដើម្បីកាត់ទោសតាមច្បាប់នគរ។
ក្រោយពីបានទទួលជោគជ័យលើស្តេចសម្រែរួចមក តេជោមាសបានទទួលអនិច្ចកម្មទៅ។ ព្រះរាជាក៏ប្រទានងារនេះ ឲ្យទៅតេជោយ៉ត ដើម្បីបំពេញនាទីដឹកនាំកងទ័ពជំនួស។ តេជោយ៉ត បានទទួលរាជបញ្ជា និងដាវអាជ្ញាសឹក ទៅបង្ក្រាបពួកឈ្លើយសឹកបះបោរនៅខេត្តពោធិ៍សាត់។ ឆ្លងតាមបទពិសោធន៍របស់ឧកញ៉ាចក្រី និងក្រឡាហោម ដែលទទួលបរាជ័យក្នុងការបង្ក្រាបឈ្លើយសឹកនៅទីនោះ តេជោយ៉តបានរកឃើញថា ការចាញ់សង្គ្រាមនេះគឺបណ្តាលមកពី "មានខ្មាំងនៅក្រោយខ្នង"។
តេជោយ៉តបានបញ្ជាកេណ្ឌទ័ពនៅលង្វែក កំពង់ស្វាយ ដែលក្នុងនោះមាន ម៉ឺនចៃចុងរ៉ាក់ ដែលជាប្អូនថ្លៃមហាក្សត្រផងដែរ។ ដើម្បីរកមុខខ្មាំងខាងក្រោយខ្នង តេជោយ៉តបានបញ្ជាឲ្យកងទ័ពកំណែនទាំងអស់ អូសឫស្សីបញ្ច្រាសចុងដើម្បីកសាងបន្ទាយ (បើនរណាប្រឆាំងត្រូវសម្លាប់ចោល)។ បក្សពួកម៉ឺនចៃចុងរ៉ាក់ មិនបានធ្វើតាមបញ្ជានោះឡើយ ហើយថែមទាំងធ្វើតាមទំនើងចិត្តរបស់ខ្លួន ព្រោះសំអាងទៅលើបងស្រី ដែលធ្លាប់ទទួលសំណូក និងជាអ្នកម្នាងនៃព្រះមហាក្សត្រ (អ្នកម្នាងនូ) ថានឹងជួយឲ្យរួចពីកំណែននេះ។ ទង្វើនេះត្រូវតេជោយ៉តរកឃើញថា ម៉ឺនចៃចុងរ៉ាក់នេះឯងជាខ្មាំងពីក្រោយខ្នង ហើយក៏ចាប់យកទៅប្រហារជីវិតចោលទៅ។
ក្រោយពីបានទទួលដំណឹងថាប្អូនប្រុសស្លាប់ អ្នកម្នាងនូបានទូលថ្វាយព្រះរាជា ឲ្យចាប់តេជោយ៉តទៅកាត់ទោសប្រហារជីវិត។ ព្រះរាជាបានធ្វើតាមការសុំរបស់អ្នកម្នាងនូ តែតេជោយ៉តមិនបានមកតាមបញ្ជានោះឡើយ ដោយសំអាងថាខ្លួនកំពុងជាប់ដៃបង្ក្រាបសត្រូវបះបោរ ចាំរួចការសឹកនេះ ខ្លួននឹងមកទទួលទោសដោយខ្លួនឯង។ ដោយការទទូចសុំរបស់អ្នកមា្នងខ្លាំងពេក ព្រះរាជាបានបង្ខំឲ្យតេជោយ៉តមកជួបតទល់ជាមួយអ្នកម្នាងនូ។ ពេលកំពុងជជែកគ្នានោះ តេជោយ៉តបានចោទប្រកាន់ថា អ្នកម្នាងនូជាខ្មាំងពីក្រោយខ្នង ព្រោះបានរំខានខ្លួនធ្វើសឹក បើកឱកាសឲ្យសត្រូវវាយលុក និងទទួលសំណូក ដើម្បីការពារបក្សពួកម៉ឺនចៃចុងរ៉ាក់ ធ្វើឲ្យកងទ័ពបាក់ស្មារតី ហើយតេជោយ៉តក៏គប់កូនដាវសម្លាប់អ្នកម្នាងនូនាពេលនោះទៅ។ តេជោយ៉តប្រកាសជម្រាបមន្ត្រីទាំងនោះថា ចាំបង្ក្រាបសត្រូវរួច ខ្លួននឹងចូលមកទទួលទោសពីព្រះអង្គដោយខ្លួនឯង។
ក្រោយការបង្ក្រាបឈ្លើយសៀមបះបោរបានសម្រេចជោគជ័យ តេជោយ៉តបានឲ្យគេធ្វើឃ្នាង ហើយដាក់ខ្លួនឯងដើរចូលទៅទទួលទោសពីព្រះរាជា ពីបទដែលខ្លួនសម្លាប់អ្នកម្នាងនូ។ ព្រះរាជាមិនឲ្យចូលជួប រួចបញ្ជាឲ្យមន្ត្រីដោះលែង និងឲ្យទៅត្រួតត្រាការឯខេត្តកំពង់ស្វាយ។
តេជោយ៉តបានគួចចិត្តប៉ងប្រាថ្នាយក ជំទាវស្រែន្យ មកធ្វើជាភរិយា តែមិនបានសម្រេចទេ ព្រោះជំទាវបានគិតថាយ៉តជាជនជាតិភាគតិច ហើយធ្លាប់ជាសិស្សរបស់ប្តីនាងពីមុនផងដែរ។ ដោយសង្កេតឃើញជំទាវរើសអើងស្នេហា ប្រកាន់វណ្ណៈបែបនេះ តេជោយ៉តបានប្រើល្បិច លួចយកកាំជណ្តើរផ្ទះជំទាវស្រែន្យ មកឲ្យជាងដាប់ឆ្លាក់ធ្វើជារូបព្រះពុទ្ធបដិមា និងរូបតេជោមាស ហើយប្រកាសធ្វើបុណ្យយ៉ាងធំ បញ្ជូនកុសលទៅគ្រូរបស់ខ្លួន។ ជំទាវស្រែន្យបានទៅចូលរួមពិធីនោះ ហើយត្រូវបានតេជោយ៉តប្រាប់ការពិតថា កំពុងថ្វាយបង្គំកាំជណ្តើរផ្ទះរបស់ខ្លួនឯង។ គ្រានោះជំទាវស្រែន្យយល់ន័យនៃទង្វើរបស់តេជោយ៉ត ក៏លែងប្រកាន់ខ្លួន ហើយព្រមព្រៀងរៀបការជាមួយតេជោយ៉តនាពេលនោះទៅ។
🎯 ប្រធានរឿង
អត្ថបទនេះលើកបង្ហាញពី វីរភាពរបស់់បុព្វបុរសខ្មែរ ក្នុងបព្វហេតុជាតិមាតុភូមិក៏ដូចជាព្រះមហាក្សត្រ ក្នុងកិច្ចការពារបូរណភាពទឹកដី។ តេជោយ៉តជាតួអង្គតំណាងឲ្យមេទ័ពខ្មែរនៅសម័យឧដុង្គ ដែលមានគំនិតស្រឡាញ់ជាតិ លើកតម្កើងជាតិ និងហ៊ានពលីជីវិតដើម្បីជាតិមាតុភូមិ ដែលទង្វើនេះជាគំរូមួយដ៏គួរជាទីមោទនៈ និងស្ញប់ស្ញែងក្រៃលែង។
💡 មូលបញ្ហា (ចំណុចសំខាន់ៗដែលលេចធ្លោ)
- ការបះបោររបស់ស្តេចសម្រែ៖ ឆ្លុះបញ្ចាំងពីវិបត្តិផ្ទៃក្នុង និងការដណ្តើមអំណាច។
- ភាពឈ្លាសវៃរបស់ស្រ្តីខ្មែរ៖ តាមរយៈតួអង្គជំទាវស្រែន្យ ដែលប្រើបញ្ញាក្នុងការចាប់សត្រូវ។
- ការបោសសំអាតខ្មាំងក្រោយខ្នង៖ ភាពដាច់ខាតរបស់តេជោយ៉ត ក្នុងការកម្ចាត់អំពើពុករលួយ និងខ្សែបក្ខពួកដែលបំផ្លាញជាតិ។
- សេចក្តីស្នេហ៍៖ ក្តីស្នេហារបស់តេជោយ៉ត និងជំទាវស្រែន្យ ដែលទម្លុះរបាំងវណ្ណៈ និងប្រពៃណីចាស់កម្រិល ឈានទៅរកការស្រឡាញ់គ្នាដោយស្មោះស្ម័គ្រ។
.png)
0 Comments